ប្រតិបត្តិការទាញយកសាឡង់ដឹកខ្សាច់មួយគ្រឿងដែលបើកបុកសសរស្ពានព្រែកតាមាក់បានបន្តឈានដល់ថ្ងៃទីពីរ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំក្រុម ការងារបច្ចេកទេសក្រសួង និងភាគី ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការទាញយកចេញនូវសាឡង់ដឹកខ្សាច់មួយគ្រឿង ដែល បុកសសរស្ពានព្រែកតាមាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង មន្ដ្រី បច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១និង៣០ នាទីរសៀលនៅចំណុចភូមិសាស្រ្ត ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីសាឡង់ ដឹកខ្សាច់មួយគ្រឿង ធ្វើដំណើរតាមបណ្តោយខ្សែទឹកពីត្បូងទៅជើងបានបើកបុកសសរ ស្ពានទី៨នៃស្ពានព្រែកតាមាក់ ទើរជាប់នឹងសរសេរ(ស្ថិតនៅចន្លោះសសរស្ពាន សម្រាប់ធ្វើនាវាចរណ៍) ដោយសារបើកគេចពីនាវាទេសចរណ៍មួយគ្រឿងទៀត មានផ្ទុកមនុស្សច្រើនបើកបញ្ជ្រាសទិសគ្នាពីត្បូងទៅជើង ហើយត្រូវបានជួយ សង្គ្រោះដោយទូកនេសាទរបស់បងប្អូនខ្មែរឥស្លាម។

បន្ទាប់ពីមានឧប្បត្តិហេតុនេះកើតឡើង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ ក្រុមការងារបច្ចេកទេសជួយសង្គ្រោះរបស់ក្រសួងរួមជាមួយនឹងអាជ្ញាធរខេត្តកណ្តាល និងកំពង់ផែស្វយ័តភ្នំពេញ បានប្រជុំពិភាក្សារិះរកមធ្យោបាយ ដើម្បីទាញរំដោះយក សាឡង់នោះចេញពីជើងសសរស្ពាន ដោយប្រើនាវាសណ្តោង៣គ្រឿង រួមជាមួយនាវា បូមខ្សាច់មួយគ្រឿងទៀត ដើម្បីសម្រាលបន្ទុកនាវា ប៉ុន្តែដោយសារសាឡង់ដឹកខ្សាច់ នោះ មានទម្ងន់ធ្ងន់ពេករួមជាមួយនឹងកម្លាំងទឹកហូរគួចខ្លាំង ប្រតិបត្តិការធ្វើឡើង នៅពេលយប់ និងស្ថានភាពមិនអំណោយផលផង ក្រុមប្រតិបត្តិការជួយសង្គ្រោះ មិនអាចទាញរំដោះយកសាឡង់ដឹកខ្សាច់នោះចេញបានទេ ហើយប្រតិបត្តិការ នេះនៅបន្តឈាន ដល់ថ្ងៃនេះបន្តទៀត។

សាឡង់ដឹកខ្សាច់នោះពាក់ផ្លាកលេខ ភព៦. ៨២៦៣ សំបកដែក ម៉ាស៊ីនម៉ាក Mitsubishi មានបណ្តោយ ប្រវែង៤៣.៣០ម៉ែត្រ ទទឹង៨.០៥ ម៉ែត្រ ជម្រៅផ្ទុកខ្សាច់ ពេញ ២.៥០ម៉ែត្រ តាមការប៉ាន់ស្មានមានទម្ងន់ សរុបប្រហែល៨០០តោន ជាកម្មសិទ្ធិ របស់ក្រុមហ៊ុន ង៉ូវ ចាន់ណា បានចុះបញ្ជីការនៅក្រសួងសាធារណការនិងដឹកជញ្ជូន នៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង