សហគមន៍​កសិ​កម្ម​ចំនួន​៣​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ (CACC ) ស្តី​ពី​ការ​ផលិត​ និង​ផ្គត់ផ្គង់​ស្រូវ​សរី​រាង្គ​ផ្កា​រំដួ​ល​ដែល​​មាន​តម្លៃ​ជាង​៤០០​លានរៀល​

កំពង់ឆ្នាំង ៖ សហគមន៍កសិកម្មចំនួន៣នៅខេត្តកំពង់ឆ្នាំង តាមរយៈនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) និងសមាគមបណ្តាញកសិករ និងធម្មជាតិ(FNN) លើការផលិតកម្មកសិកម្មស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គផ្ការំដួល តម្លៃជាទឹកប្រាក់ប្រមាណ៤៣៥លានរៀល ដែលបានប្តូរពូជសុទ្ធល្អ ក្នុងខេត្តកំពង់ឆ្នាំង ។


ពិធីចុះកិច្ចសន្យាទិញលក់នេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ងិន ហ៊ុន មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) និង លោក ឆុង សុផល នាយកគម្រោង សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) និងមានការចូលរួមជាពីសំណាក់ លោកលោកស្រី ជាអនុប្រធាន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ប្រធានការិយាល័យកសិ-ឧស្សាហកម្ម ព្រមទាំង លោក លោកស្រី ជាប្រធាន អនុប្រធាន គណៈកម្មការសហគមន៍កសិកម្ម តំណាងស្ថាប័ននិងដៃគូពាក់ព័ន្ធ ។


បន្ទាប់ពីលោក លោក ឆុង សុផល នាយកគម្រោង សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN)មានប្រសាសន៍អំពីវឌ្ឍនភាពរសហគមន៍កសិកម្មរួចមក លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) មានប្រសាសន៍បញ្ជាក់ថា ការចុះកិច្ចសន្យាកសិកម្មនេះផងដែរ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC ) នៅក្នុងឆ្នាំ២០២៣នេះ ក៏បានចូលរួមចំណែកផ្តល់ជាឥណទានពូជស្រូវផ្ការំដួលចុះបញ្ជីប្រមាណជា៨៣០០គីឡូក្រាមនិងឥណទានជីសរីរាង្គប្រមាណ៤០តោន សម្រាប់ការដាំដុះឆ្នាំ២០២៣​នេះ ដើម្បីចូលរួមចំណែកក្នុងការបង្កើនទិន្នផល និងគុណភាពអង្ករសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។


លោកបានបញ្ជាក់ទៀតថា កិច្ចសន្យាកសិកម្មនេះគឺជាចលករមួយដ៏សំខាន់ដើម្បីសម្រេចឱ្យបាននូវផែនការនៃកិច្ចសន្យាផលិតកម្មកសិកម្មដែលបានគ្រោងទុកដែលជាការបន្ថែមពីលើការជួយជ្រោមជ្រែងដែលជាតួអង្គសំខាន់ក្នុងការជំរុញនិងសម្រួលនូវកិច្ចសន្យាកសិកម្មជាមួយសហគមន៍កសិកម្ម និងបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក។
លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា កិច្ចសន្យាដែលបានធ្វើឡើងនាពេលនេះ ពិតជាមានសារៈប្រយោជន៍ធំសម្រាប់​សហគមន៍​កសិកម្មខេត្តនៅខេត្តកំពង់ឆ្នាំង ក្នុងការរៀបចំនូវផែនការផលិតឆ្លើយតបទៅនឹងទីផ្សារដោយធានាបាននូវប្រសិទ្ធភាព គុណភាព និង សុវត្ថិភាព ។


លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ចំពោះសហគមន៍កផ្សេងទៀតដែលពុំទាន់បានចូលរួម មន្ទីរនឹងពន្យល់ណែនាំដល់សហគមន៍ទាំងអស់ត្រៀមលក្ខណៈលើការចូលរួម ទាំងអស់គ្នា ដើម្បីការអភិវឌ្ឍន៍របស់សហគមន៍អោយមាននិរន្តរភាព ដោយទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌រវាងដៃគូក្រុមហ៊ុន និង សហគមន៍ ។គួរបញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំង មានសហគមន៍កសិកម្មចំនួន៦២ ដែលបានទទួលស្គាល់ពីមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ។ ការចុះកិច្ចសន្យានេះបានផ្តល់ផលប្រយោន៍ដល់កសិករ ដោយមិនចាំបាច់ស្វែងរកទីផ្សារលក់ផលិតផលកសិកម្មនោះទេ ដោយរក្សាតម្លៃបានល្អលើទីផ្សារ ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង