រដ្ឋ​​មន្ដ្រី​ក្រសួង​សុខា​ភិបាល​ ប្រគល់​ប័ណ្ណស​រសើរ​របស់​រាជរ​ដ្ឋា​​ភិ​បាល​ ដល់​មន្ដ្រី​សុខា​ភិបាល​ខេត្ត​កំពង់​ឆ្នាំង​ និ​ង​ ខេត្ត​ពោធិ​សាត់​​ ដែល​ចូល​រួម​ប្រយុទ្ធ​​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​​

កំពង់ឆ្នាំង ៖ ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់ ចំនួន២៨៨រូប ដែលបានរួមចុះណែកក្នុងការប្រយុទ្ធប្រឆាំងជំងឹកូវីដ១៩ ។ ពិធីប្រគល់ប័ណ្ណសរសើរនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង និង លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។


មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសម្ដែងនូវការអបអរសាទរជាមួយមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ដែលបានទទួលនូវការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីសំណាក់រាជ រដ្ឋាភិបាលដោយបានប្រគល់នូវប័ណ្ណសរសើរ ដែលជាកិច្ចតបស្នងរបស់ក្រុមគ្រូពេទ្យនិង មន្រ្តីសុខាភិបាលទាំងអស់ដែលបាន ចូលរួមយ៉ាងសកម្ម ក្នុងអំឡុងនៃយុទ្ធការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ។


ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកអំពីការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងដែលប្រទសកម្ពុជា ត្រូវបានពិភពលោកប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូច មានបេះដូងធំទូលាយ» ដោយបានគ្រប់គ្រង ឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ដោយជោគជ័យ គឺពិតជាមានមោទនៈភាព ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យ របស់សង្គមជាតិទាំងមូល ដែលសមិទ្ធផលគួរឲ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងការចង្អុលបង្ហាញផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈការប្រើប្រាស់កម្លាំងសរុបរបស់ជាតិនោះ គឺការបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាយន្តការដឹកនាំ និងគាំទ្រប្រកបដោយប្រសិទ្ធភាព ។


ឯកឧត្តមសូមសម្តែងនូវការកោតសរសើរចំពោះមន្ត្រីសុខាភិបាលទាំងអស់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅ ទូទាំងប្រទេស ដែលបានចូលរួមសហការក្នុងការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវការផ្តល់សេវាសុខភាពជាសារវ័ន្តទោះបីជានៅទូទាំងប្រទេសបានរងនូវផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ១៩ក៏ដោយ។


ឯកឧត្តមបន្ថែមថា សេវាសុខាភិបាល សាធារណៈកាន់តែទទួលបានទំនុកចិត្តពីប្រជាជន តែយើងក៏ត្រូវតែខិតខំពង្រឹងបន្ថែមទៀត ជាពិសេស ក្រមសីលធ៌មវិជ្ជាជីវៈ អត្តចរិតស្លូតបូត រាក់ទាក់ ប្រកបដោយការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដែលពួកគាត់ត្រូវការ ដើម្បីឲ្យពួកគាត់កាន់តែពេញចិត្ត និងគាំទ្រសេវារបស់យើង៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង