ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ បើក​ការ​ដ្ឋាន​សាង​ស​ង់​ផ្លូវ​កៅ​ស៊ូ ​DBST ប្រវែង​ជាង​ ២០​គីឡូ​ម៉ែត្រ ​ភ្ជាប់​រវាង​ស្រុក​កំពង់​ត្រឡាច​ និង​ស្រុក​ទឹក​ផុស​ ខេត្ត​កំពង់​ឆ្នាំង​

កំពង់ឆ្នាំង ៖ ផ្លូវកៅស៊ូពីរជាន់ ប្រភេទDBST ប្រវែងជាង ២០គីឡូម៉ែត្រភ្ជាប់រវាងស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទហៅកាត់ថា NRRPCP ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង និង លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និង លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ។


លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ឱ្យដឹងថា ផ្លូវដែលបានបើកដំណើរការសាងសង់នាពេលនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៍សំខាន់ ក្នុងការដឹកជញ្ជូនកសិផលនានាប្រជាពលរដ្ឋ និង ការធ្វើដំណើរជាប្រចាំរបស់បងប្អូនប្រជាពលរដ្ឋពីស្រុកទឹកផុសមកស្រុកកំពង់ត្រឡាចបានយ៉ាងឆាប់រហ័ស ។ ផ្លូវនេះដើមឡើយជាផ្លូវរទេះតូច និងបានសាងសង់ជាផ្លូវគ្រួសក្រហម ដោយសារមើលឃើញពីតម្រូវការនៃការប្រើប្រាស់ជាប្រចាំបានដាក់សំណើរសុំទៅប្រមុខរាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បី​សាង​សង់ផ្លូវនេះជាផ្លូវកៅស៊ូ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានកាន់តែងាយស្រួល ។


ឯកឧត្ដម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោងបានបញ្ជាក់ថា៖ ផ្លូវដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៥ ត្រង់ចំណុច ភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ដល់ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានប្រវែងចំនួន ២០គីឡូម៉ែត្រ និង១៩៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីជាន់ DBST មានទទឹងប្រវែង ៨ ម៉ែត្រ និងសំណង់សិល្បការ្យរួមមាន លូមូលកាត់ទទឹងផ្លូវចំនួន ៤២ កន្លែង និងលូមូលកាត់ផ្លូវបំបែកចំនួន ១៣ កន្លែង បំពាក់ស្លាកសញ្ញាសុវត្ថិភាព តាមបណ្តោយខ្សែផ្លូវរួមមាន៖ ស្លាកសញ្ញាចរាចរណ៍ចំនួន ៦៧ កន្លែង គំនូសតាមអ័ក្សផ្លូវ និងមានគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ចំនួន ៦ កន្លែង។នេះជាគម្រោងរបស់រាជរដ្ឋាភិបាល ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទហៅកាត់ថា NRRPCP ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(Asian Infrastructure Investment Bank­AIIB)។ ការសាងសង់ផ្លូវនេះ នឹងប្រើរយៈពេល ១២ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៤ ដែលទទួលកិច្ចសន្យាសាងសង់ ដោយក្រុមហ៊ុន Lim Meng Construction & import Export Co., Ltd ។


ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានបន្តថា៖ នេះចំណងដៃថ្មីបន្ថែមទៀត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត នៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងនេះ ក្នុងនោះគឺក្នុងក្របខណ្ឌម្រោង ពង្រឹងសមត្ថភាពផលិតភាពជនបទ NRRPCP ដែលបាននិងកំពុងបើកឲ្យដំណើរការសាងសង់ចំនួន ៤ខ្សែរួចមកហើយ ដើម្បីបន្តរក្សានិរន្តរភាពសេដ្ឋកិច្ចជនបទ ជាពិសេសស្តារជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ឱ្យកាន់តែល្អប្រសើរឡើង បន្ទាប់ពីកម្ពុជាបាន និងកំពុងងើបឡើងវិញ​ពីវិបត្តិជំងឺកូវីដ-១៩ និងបានលើកឡើងពីសារៈសំខាន់ នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធរួមមាន ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ការកែលម្អ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធជនបទ ការថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលប្រៀមដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជាមូលដ្ឋានគ្រឹះជំរុញកំណើនប្រាក់ចំណូល របស់ប្រជាជននៅតំបន់ជនបទ ។


ឯកឧត្ដមបណ្ឌិតសភាចារ្យ បានក៏បានផ្ដាំផ្ញើប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមសហការជាមួយក្រុមហ៊ុនទទួលការ ឲ្យបានល្អក្នុងអំឡុងដំណើរការសាងសង់ ។ ជាមួយនេះក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ និងបោះជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង