សាលា​បឋម​សិក្សា​គំរូ​ក្រុង​ ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ ជា​សាលា​មេត្រី​បរិស្ថាន​ឆ្នាំ២០២៣​

កំពង់ឆ្នាំង ៖ យោងតាមប្រភពក្រៅផ្លូវការ បានបង្ហាញថា សាលាបឋមសិក្សាគំរូក្រុង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងចំណោមសាលា ចំនួន១១នៅទូទាំងប្រទេស ក្រោយពីគណកម្មការបានចុះធ្វើវាយតម្លៃដាក់ពិន្ទុចំណាត់ថ្នាក់ ជាសាលាមេត្រី បរិស្ថាន សម្រាប់ឆ្នាំ២០២៣ ។


ប្រភពបានឱ្យដឹងថា សាលាបឋមសិក្សាគំរូក្រុងទទួលបានពិន្ទុខ្ពស់រហូតដល់១៣៨ពិន្ទុ លើ១៧០ពិន្ទុ ដែលពិន្ទុនេះជាពិន្ទុខ្ពស់ជាងគេបំផុត គ្មានសាលាណាមួយអាចទទួល ពិន្ទុលើសនោះទេ ក្នុងចំណោមសាលាចំនួន១១ នៅទូទាំងប្រទេស ។


នេះជាជ័យលាភីថ្មីមួយទៀតនៃវឌ្ឍនភាពសាលាបឋមសិក្សាគំរូក្រុង ក្រោមការដឹកនាំរបស់លោក នុត អង្គារ ជានាយកសាលា ជាអ្នកគ្រប់គ្រង និង ដឹកនាំប្របដោយទស្សវិស្ស័យវែងឆ្ងាយ ក្នុងការឆ្លើយតប នូវគោលនយោបាយអប់រំរបស់ក្រសួងអប់រំយុវជននិងកីឡា និងរាជរដ្ឋាភិបាល ។


តាមរយៈពិន្ទុខ្ពស់បំផុត លើកិច្ចការងារបរិស្ថានសាលានេះ បានបង្ហាញឱ្យឃើញថា សាលាបឋមសិក្សាគំរូក្រុង ពិតជាសាលាមួយដែលបានយកចិត្តទុកដាក់និងផ្តោតជាសំខាន់ លើបរិស្ថាន ទាំងបរិវេណសាលា និង ក្នុងថ្នាក់រៀន ដែលកិច្ចការទាំងនេះមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល និង សហគមន៍ ដែលការចូលរួមសហការ លុបបំបាត់ទាំងស្រុង សម្រាមប្លាស្ទីក និងការបញ្ឈប់នាំយក សម្រាមពីខាងក្រៅ ចូលមកក្នុងសាលារៀន និង ការទុកដាក់សម្រាមមានរបៀប តាមប្រភេទនៃសំរាម ទើបទទួលបានជ័យជំនះនាថ្ងៃនេះ ។


នេះមិនមែនជាជ័យលាភីទី១របស់សាលាបឋមសិក្សាគំរូក្រុងនោះទេ តែជាជ័យលាភីមួយក្នុងចំណោមជ័យលាភីជាច្រើនដែលសាលាបឋសិក្សាគំរូក្រុងទទួលបានដូចជាពាន រង្វាន់គ្រូល្អ នាយកល្អ ជ័យលាភីពានរង្វាន់សាលាស្អាត ដែលទទួលបានជាបន្តបន្ទាប់ ពីក្រសួងអប់រំយុវជននិងកីឡា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង