រដ្ឋ​មន្រ្តី​ក្រ​សួង​ព័ត៌​មាន​៖ អ្នក​សារ​ព័ត៌​មាន​ គឺ​ជា​អ្នក​ដែល​បាន​ចូល​រួម​យ៉ាង​សំ​ខាន់​ ក្នុង​ការ​លុប​បំ​បាត់​នូវ​ដំ​ណឹង​ក្លែង​ក្លាយ​​ឯក​ឧត្តម​​ ខៀវ​ កា​ញា​រីទ្ធ​ រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌​មាន​បាន​ថ្លែង​ថា​ អ្នក​សា​រ​ព័ត៌​មាន​យើង​ គឺ​ មាន​តួ​នា​ទី​សំ​ខាន់​ ក្នុង​ការ​លុប​បំ​បាត់​នូវ​ដំ​ណឹង​ក្លែង​ក្លាយ​ទាំង​នោះ​ ​ក្នុង​ការ​ជួយ​ណែ​នាំ​ និង​ជួយ​ធា​នា​នូវ​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ពល​រដ្ឋ​លើ​រាជ​រដ្ឋា​ភិ​បាល ​តាម​រយៈ​ផ្សាយ​ព័ត៌​មាន​ ពិត​ សម្ភារ​ផ្សព្វ​ផ្សាយ​ដែល​ខ្លួន​មាន​

ថ្លែងក្នុងសិក្ខាសាលាស្តីពី ផលប៉ះពាល់ នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយរបស់រាជរដ្ឋាភិបាល នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ទាក់ទងនឹងដំណឹងក្លែងក្លាយនេះ កម្ពុជាបានជួបប្រទះ ជាច្រើនណាស់មកហើយ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩នេះ។ ក្រៅពីការបង្កើតដំណឹងក្លែងក្លាយដោយក្រុមអមិត្ត ក្នុងគោលបំណងធ្វើឱ្យមហាជន បាត់ បង់ទំនុកចិត្តលើរាជរដ្ឋាភិបាល និងការចែករំលែកបន្តដោយមិនបានមើលគ្រប់ជ្រុងជ្រោយ ពីសំណាក់អ្នកអានមួយចំនួននោះ។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការអនុវត្តតួនាទីស្រប តាមវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសនៅក្នុងស្ថានភាពតានតឹង ដូចជាការឆ្លងរាលដាលនៃជំងឺកូដ-១៩ នេះតែម្ដង វាមានភាពចាំបាច់សម្រាប់អ្នកសារព័ត៌មានដោយសារតែ ទីមួយ៖បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលការណ៍បន្ទាន់ៗ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ថ្មីៗទៅកាន់ប្រជាពលរដ្ឋ។ ទីពីរ៖ ផ្ដល់នូវព័ត៌មានសំខាន់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ទីបី៖ ពាំនាំនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋជូនរាជរដ្ឋាភិបាលវិញ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា យើងសង្កេតឃើញថា ស្ថិតក្នុងស្ថានភាពបែបនេះ ប្រជាពលរដ្ឋភាគច្រើនបានងាកមកមើលព័ត៌មានរបស់ស្ថាប័នរដ្ឋវិញ ដោយផ្អែកលើភាពត្រឹមត្រូវ រហ័ស និងជឿទុកចិត្ត ដែលនេះជាការងារសំខាន់។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈកិច្ចសហប្រតិបត្តិការអនុតំបន់ មេគង្គ-ឡានឆាង” ដែលបានផ្តល់ជំនួយក្រោមមូលនិធិពិសេស ដល់បណ្តប្រទេសតាមបណ្ដោយទន្លេមេគង្គមានដូចជា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈជំនួយនេះ យើងបានសម្រេចនូវគម្រោងស្រាវជ្រាវ ក្រោមប្រធានបទ ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលនឹងប្រកាសផ្សព្វផ្សាយនូវសៀវភៅស្តីពី ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលជាលទ្ធផលនៃការស្រាវជ្រាវនេះ។ ជាមួយគ្នានេះ ឯកឧត្ដមបានអះអាងថា ស្ថិតក្នុងតំបន់អាស៊ាន យើងសង្កេតឃើញមានប្រទេសសិង្ហបុរីមុនគេ ដែលមាននូវច្បាប់ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ម៉ាឡេស៊ី ធ្លាប់បានអនុម័ត និងដកចេញវិញ។ រីឯប្រទេស ចំនួនទៀត ត្បិតមិនមានច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយដោយឡែក ប៉ុន្តែយើងសង្កេតឃើញមានច្បាប់ដទៃទៀត ដែលមានភាពពាក់ព័ន្ធការបង្កើតឱ្យមាននូវដំណឹងក្លែងក្លាយ ដែលមានបង្កផលប៉ះពាល់ដល់សង្គមជាតិ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា សម្រាប់កម្ពុជាយើងមិនទាន់បានគិតគូរ ទៅដល់យន្តការបង្កើតច្បាប់ដូចប្រទេសសិង្ហបុរីនោះទេ ដោយសារតែយើងគ្រប់គ្រងបានល្អ ក៏ប៉ុន្តែច្បាប់មួយចំនួនទៀតដែលមានភាពពាក់ព័ន្ធ អាចនឹងត្រូវបានអនុម័ត ដូចជាច្បាប់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាជាដើម។


ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន បានឱ្យដឹងថា កន្លងមកនេះ ទាក់ទងនឹងការរីករាលដាលនៃដំណឹងក្លែងក្លាយ ក្រសួងព័ត៌មាន បានបង្កើតនូវគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគណៈកម្មការនេះ អនុវត្តន៍កិច្ចសហប្រតិបត្តិការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ និងនិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការទប់ស្កាត់ដំណឹងក្លែងក្លាយ។ ជាលទ្ធផល ករណីមួយចំនួន ត្រូវបានភាគីពាក់ព័ន្ធ បានចូលរួមដោះស្រាយ និងលុបបំបាត់បានទាន់ពេលវេលា។ ក៏ប៉ុន្តែ ក្នុងករណីមួយចំនួនទៀត ដំណឹងក្លែងក្លាយ ត្រូវបានបង្កើត និងចែកចាយ ដោយសេរីក្នុងបណ្តាញសង្គម។ ឯកឧត្ដមប្រតិភូបានលើកឡើងថា មូលហេតុនៃការមិនអាចគ្រប់គ្រងបានទាំងស្រុង គឺដោយសារតែថ្នាលបណ្តាញសង្គម ដែលដំណឹងក្លែងក្លាយនោះ បានផ្សព្វផ្សាយ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល៕ប្រភព AKP

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង