ឯកឧត្តម ខៀវ កាញារីទ្ធ ៖ ការចេះប្រើប្រាស់រាជសព្ទ និងសង្ឃសព្ទ របស់ពិធីករ-ពិធីការិនី ជាជោគជ័យមួយផ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយ

ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាស្តីពី ការប្រើប្រាស់រាជសព្ទ និងសង្ឃសព្ទ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការចេះប្រើប្រាស់នូវរាជសព្ទ និងសង្ឃសព្ទរបស់ពិធីករ-ពិធីការិនីនៅតាមប្រព័ន្ធផ្សព្វផ្សាយ គឺបានបង្ហាញពីកម្រិតយល់ដឹង និងបានលើកតម្លៃរបស់ពួកគេ ជាពិសេសក៏រាប់បញ្ចូលថាជាជោគជ័យមួយផ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះដែរ។


ជាមួយគ្នានេះឯកឧត្តម ខៀវ កាញារីទ្ធ សង្កត់ធ្ងន់ថា ការចេះប្រើប្រាស់នូវរាជសព្ទ និងសង្ឃសព្ទរបស់ពិធីករ-ពិធីការិនីនេះទៀតសោត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញអ្នកទស្សនា និងអ្នកស្តាប់។


បើតាមរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ជុំ កុសល ការរៀបចំសិក្ខាសាលានាពេលនេះ ក៏ដោយសារមើលឃើញថា ការប្រើប្រាស់នូវរាជសព្ទ និងសង្ឃសព្ទ តាមបណ្ដាញផ្សព្វផ្សាយមួយចំនួននៅមានកម្រិតនៅឡើយ។ ដូច្នេះតាមរយៈសិក្ខាសាលានេះ នឹងធ្វើឱ្យការប្រើប្រាស់នូវរាជសព្ទ និងសង្ឃសព្ទ ត្រឹមត្រូវតាមក្បួនខ្នាតដែលបានចងក្រង។


សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលា ស្តីពីរាជសព្ទ និងសង្ឃសព្ទ ខណៈលើកទី១បានរៀបចំកាលពីឆ្នាំ២០១៩៕ វិទ្យុជាតិកម្ពុជា

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង