កូន​ឈើ​ជាង​១០០០​ដើម​ ត្រូវ​បាន​រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ និង​ មន្ទីរ​កសិកម្ម​ យក​ទៅ​ដាំ​ក្នុង​ឱកាស​«បុណ្យ​រុក្ខ​ទិវា​» ឆ្នាំ​២០២២​ នៅ​បរិវេណ​វត្តទួល​សាច់​

កំពង់ឆ្នាំង ៖ កូនឈើ៥ប្រភេទជាង១០០០ដើម ត្រូវបានយកមកដាំនៅបរិវេណវត្តទួលខ្សាច់ ក្នុងពិធីបុណ្យរុក្ខទិវា ស្ថិតនៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានប្រព្រឹត្តិក្រោមអធិបតីភាព ឯកឧត្តម អម សុភាអភិបាលស្តីទីខេត្តកំពង់ឆ្នាំង និង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ព្រមទាំងលោក លោក ស្រជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ។


លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា បុណ្យរុក្ខាទិវានាឆ្នាំ​២០២២ នៅខេត្តកំពង់ឆ្នាំង នាពេលនេះ គឺជាខួបលើកទី២៩ ការប្រារព្វបុណ្យរុក្ខាទិវានាឆ្នាំនេះ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានយកកូនឈើចំនួន៥ប្រភេទមកដាំនៅក្នុងបរិវេណវត្តទួលខ្សាច់​មានចំនួន១១០០ដើម បេងចំនួន២៥០ដើម គ្រញូង៣០០ដើម ធ្នង់២០០ដើម គគី១៥០ដើម និង ដើមសាគូរ៉ាចំនួន២០០ដើម ។ កន្លងមកនេះខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខប្រម៉ាញ់និងនេសាទ បានធ្វើការបង្ក្រាប និង ទប់ស្កាត់ នូវរាល់បទល្មើសព្រៃឈើ ក្នុងភូមសាស្រ្តនៃខេត្តកំពង់ឆ្នាំង និង បានដាំដើមឈើឡើងវិញនៅតំបន់រិចរិល ដែលរងការកាប់​រានបំផ្លាញពីជនខិលខូច ។


មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម អមសុភា អភិបាលស្តីទីខេត្តកំពង់ឆ្នាំងបានគូសបញ្ជាក់ថា ព្រៃឈើមានសារ:សំខាន់ណាស់ ជួយផ្ដល់ផលប្រយោជន៍ ឲ្យប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាព គ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។


ឯកឧត្តម អម សុភា បានគូសបញ្ជាក់ទៀតថា ការប្រារព្ធទិវានេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវ ការខិតខំប្រឹងប្រែង យ៉ាងសកម្មរបស់យើងទាំងអស់គ្នា ក្នុងការស្តារគម្របព្រៃឈើឡើងវិញ ឲ្យមានពណ៌បៃតង និងដើម្បីរក្សាបាននូវការបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈម និងជាកង្វល់រួម ដ៏ធំមួយរបស់ពិភពលោក ដោយសារ​តែបណ្ដាប្រទេសជឿនលឿនជាច្រើន បានបញ្ចេញ ឧស្ម័នពុល ឧស្ម័នផ្ទះកញ្ចក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះកម្ពុជា និងបណ្ដាប្រទេស កំពុងអភិវឌ្ឍន៍ដទៃទៀត បាននិងកំពុងរងគ្រោះ យ៉ាងខ្លាំង និងបានធ្វើឲ្យកំដៅ នៅ​លើភពផែនដី កើនឡើង។ម្យ៉ាងទៀត ការដាំដើមឈើ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយថែរក្សាដំណើរការ ប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពល អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័ន កាបូនិក ពីបរិយាកាស ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង