ទិវា​ស្បៀង​អាហារ​ពិភព​លោក​ ឆ្នាំ​២០២២​ ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ ក្រោម​ប្រធាន​បទ​« មិនទុក​ឱ្យ​នរ​ណា​ម្នាក់​ អត់​ស្បៀង​ ផលិត​កម្ម​កើន​ឡើង​ អាហារ​រូប​ត្ថម្ភល្អ ​បរិស្ថាន​ល្អ​នាំ​ឱ្យជីវិត​កាន់​តែ​ប្រសើរ​ឡើង»​​

កំពង់ឆ្នាំង ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២ បានរៀបចំប្រារព្ធទិវាស្បៀងអាហារពិភពលោក ក្រោមប្រធានបទ «មិនទុកឱ្យ នណាម្នាក់ អត់ស្បៀង ផលិតកម្មកើនឡើង អាហាររូបត្ថម្ភល្អ បរិស្ថានល្អនាំឱ្យជីវិតកាន់តែប្រសើរឡើង » ពិធីនេះប្រារព្ធធ្វើឡើងនៅ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និង ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានមានការចូលរួម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក និង អង្គការដៃគូរអភិវឌ្ឍន៍វិស័យកសិកម្ម និង លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។


ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានជម្រាបជូនអំពីស្ថានភាពនដំណើរការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសវិស័យកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនៅខេត្តកំពង់ឆ្នាំង ដែលមានសក្តានុពលក្នុងការវិនិយោគ ដើម្បីបង្កើនផលិតភាពផលិតកម្ម ធានាសុវត្ថិភាពអាហារូបត្ថម្ភ ។


លោកស្រីអានឡ័រ ឌូវែល ( Annelaure Duval) នាយិការរងនៃកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ទិវាស្បៀងអាហារពិភពលោក នាពេលនេះ គឺជាព្រឹត្តិការណ៍សាកលរបស់អង្គការសហប្រជាជាតិ ដែល​ពិភពលោកបានប្រារព្ធឡើង ក្នុងន័យបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់ នៃវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្ម សំដៅឈានទៅបញ្ចប់ភាពអត់ឃ្លាន នៅទូទាំងសាកលលោក។ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២២គឺជាឱកាសដែលយើងអាចពិនិត្យមើលនិងកំណត់ឡើងវិញ សម្រាប់អនាគតរបស់យើង
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានមានប្រសាសន៍បញ្ជាក់ថា ពិភពលោកបានរៀបចំទិវាស្បៀងអាហារពិភពលោកនេះឡើង គឺមានគោលបំណងលើកកម្ពស់ការយល់ដឹង និងសកម្មភាពជាសាកលសម្រាប់អ្នក ដែលទទួលរងគ្រោះដោយការអត់ឃ្លាន ធានាឲ្យបាននូវសន្តិសុខស្បៀង និងរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់ សម្រាប់មនុស្សលោក។


ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់អាទិភាពចម្បង ទៅលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងចាត់ទុកការវិនិយោគលើវិស័យនេះ គឺជា «កម្លាំងពន្លឿន» ក្នុងការជួយបង្កើនល្បឿន ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងសុខុមាលភាពរបស់ប្រជាជន ជួយអភិវឌ្ឍន៍មូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ។ការអភិវឌ្ឍគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង ក្នុងទិសដៅដ៏មុខស្រួច គឺធ្វើយ៉ាងណាឲ្យប្រធានបទ សម្រេចទទួលបានជោគជ័យតាមការរំពឹងទុក។


ចក្ខុវិស័យសម្រាប់ ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ គឺពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារប្រកបដោយ សុខុមាលភាព និងសុវត្ថិភាពដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រី និងកុមារ និងការផ្លាស់ប្ដូរស្ថានភាពន អាហារូបត្ថម្ភ។ ជាមួយនេះ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មស្បៀងប្រាកដជានឹងត្រូវផ្លាស់ប្តូរប្រព័ន្ធឆ្ពោះទៅរក ការអភិវឌ្ឍបៃតង ដែលយើងទាំងអស់គ្នាត្រូវបន្តអនុវត្តដោយត្រូវធ្វើឱ្យប្រព័ន្ធស្បៀងនេះផ្ដល់នូវសារធាតុចិញ្ចឹមដល់ ពលរដ្ឋកម្ពុជា និងការចែកចាយស្បៀងក្នុងស្រុកដែលធន់នឹងភាពងាយរងគ្រោះពីវិបត្តិផ្សេងៗ សំខាន់ មួយទៀតសម្រាប់លើកកម្ពស់ផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងនៅកម្ពុជា គឺការបង្កើននវានុវត្តន៍ និងការវិនិយោគ លើប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើបលើប្រព័ន្ធស្បៀងទាំងមូល។ លើសពីនេះទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែសហការជាមួយកម្មវិធី ស្បៀងអាហារពិភពលោក (WFP) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំទិវាស្បៀងអាហារពិភពលោក ជារៀងរាល់ឆ្នាំពុំដែលខានឡើយក្នុងទស្សនទានថ្មីៗ និងចក្ខុវិស័យប្រាកដ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង