រដ្ឋបាលខេត្តកំពង់ឆ្នាំងក្រុងពលីត្រៀមសម្ពោធសួនច្បារថ្មី នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ សួនច្បាថ្មី ស្ថិតនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលប្រសិទ្ធិនាមថា សួនសម្តេចចៅហ្វាវាំងគង់សំអុល បានកសាងរួចរាល់ហើយនៅពេលនេះ។ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើពិធីសែនក្រុងពលីសុំសេចក្តីសុខសប្បាយ ជួយថែរក្សាសុខសុវត្ថិភាពជូនពលរដ្ឋដែលមកលេងនៅសួនថ្មីនេះគ្រប់ពេលវេលា ។

ពិធីសែនក្រុងពលីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង មានការចូលរួមពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សួនច្បារសម្តេចចៅហ្វាវាំងគង់សំអុល គឺជាសួនថ្មីមួយបន្ថែមទៀត ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង បានស្ថាបនាឡើង នៅក្បែរមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាកខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

ឯកឧត្តមបានបញ្ជាក់ទៀតថា សួនថ្មីនេះមានទីធ្លាធំ ប្រកបដោយបរិយាកាសសោភ័ណ្ឌភាព និង បរិស្ថានល្អ បំពាក់ដោយភ្លើងបំភ្លឺ ចំរុះពណ៌ យ៉ាងប្រណិត ជាមួយនេះ ក៍មានដាំស្មៅ ដាំដើមឈើ រៀបការ៉ូឡា ព្រមទាំងមានបំពាក់នូវឧបករណ៍សម្រាប់ហាត់ប្រាណ និង ឧបករណ៍សម្រាប់ក្មេងលេងផងដែ។

គួរបញ្ជាក់ថា សួនច្បារសម្តេច ចៅហ្វាវាំងគង់ សំអុល បានចាប់ដំណើរការសាងសង់ កាលពីក្នុងអំឡុងបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ នៅលើផ្ទៃដីទំហំប្រមាណជិត២ហិកតា មានរៀងជាត្រីកោណ និង មានសាងសង់បុស្បុកមួយយ៉ាងធំនៅចំកណ្តាល ។ សួនថ្មីនេះ នឹងក្លាយជាសួនដែលមានភាពទាក់ទាញ ប្រជាពលរដ្ឋមកគ្រប់ទិសទី មកលេងកំសាន្ត និង ហាត់ប្រាណដើម្បីសុខភាពនៅសួនមួយនេះផងដែរ ៕ ដោយ៖ង៉ែត ចន្ថា

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង