អាជ្ញាធរខេត្តកំពង់ឆ្នាំងរៀបចំបង្កើតសហគមន៍ និង អភិវឌ្ឍន៍តំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិ ៣ទីតាំងនៅក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំបង្កើតសហគមន៍ទេសចរណ៍ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិ៣ទីតាំង ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំង នៅក្នុងស្រុកទឹកផុស។

គម្រោងបង្កើតសហគមន៍ទេសចរណ៍ និង អភិវឌ្ឍន៍តំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិទាំង៣ទីតាំងនេះ ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង លើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្តនារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ។

ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា វិស័យទេសចរណ៍ជាវិស័យមួយដ៏សំខាន់ ក្នុងការផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតាមតំបន់ទេសចរណ៍ទាំងនោះ ។ ដើម្បីទាក់ទាញការចាប់អារម្មណ៍ យើងត្រូវរៀបចំស្ថាបនាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្ដេងៗឲ្យបានល្អ និងបង្កើតជាសហគមន៍គ្រប់គ្រងឲ្យបានត្រឹមត្រូវ ។

ឯកឧត្តមអភិបាលខេត្តបន្តថា តំបន់ទេសចរណ៍ទាំង៣កន្លែង ដែលត្រូវរៀបចំអភិវឌ្ឍន៍និងបង្កើតជាសហគមន៍នេះ មានសក្តានុពលខ្លាំង ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យមកលេងកំសាន្ត ។

សូមបញ្ជាក់ថា តំបន់ទេសចរណ៍ទាំង៣ទីតាំងនេះមាន៖ ១/តំបន់ទឹកធ្លាក់ធម្មជាតិអន្លង់ស្វាយ ស្ថិតនៅក្នុងភូមិដូងស្លាឃុំក្បាលទឹក ស្រុកទឹកផុស មានចម្ងាយប្រមាណ៥៧ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ។ ទឹកធ្លាក់អន្លង់ស្វាយ មានទឹកធ្លាក់ពីលើកំពូលភ្នំទាំងរដូវប្រាំង ទាំងរដូវវស្សាអមទៅដោយផ្ទាំងថ្មតូច ធំ និង រុក្ខជាតិចម្រុះដ៏ស្រស់ត្រកាលគួរជាទីគយគន់យ៉ាងក្រៃលែង ។

២/ តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតនៅក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងមានចម្ងាយ៣០គីឡូម៉ែត្រពីទីរួមស្រុកទឹកផុសនិងប្រមាណជា៥៨គីឡូម៉ែត្រភាគខាងលិច នៃទីរួមខេត្តកំពង់ឆ្នាំង។បច្ចុប្បន្នតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល មានភ្ញៀវទេសចរណ៍រាប់រយ រាប់ពាន់នាក់មកលេងកំសាន្តក្នុងមួយថ្ងៃៗ។

៣/ តំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិ ស្រែអំពិល មានទីតាំងស្ថិតក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស និង មានចម្ងាយប្រមាណ៦២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នតំបន់ទេសចរណ៍ដ៏ ស្រស់ត្រកាលមួយនេះកំពុងមានការចាប់អារម្មណ៍ ពីភ្ញៀវ​ទេសចរណ៍ជាតិទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរ ។

ភ្ញៀវទេសចរណ៍ ដែលទៅកម្សាន្តនៅកន្លែងទឹកធ្លាក់ដ៏ស្រស់ត្រកាលនេះ អាចចុះងូតទឹកលេង ដែលហូរធ្លាក់លើផ្ទាំថ្ម និង អង្គុយសម្រាកញាំុអាហារ ជាមួយសម្រស់ធម្មជាតិ សម្លេងទឹកធ្លាក់ សម្លេងសត្វបក្សាបក្សីស្រែកយំទ្រហឹងអឺងកង ។

ក្រៅពីល្បីខាងក្អមនិងឆ្នាំងដី ខេត្តកំពង់ឆ្នាំង ក៏មានភាពល្បីល្បាញផងដែរ ក្នុងនាមជាខេត្តដែលមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិបង្កប់ខ្លួននៅតាមតំបន់ភ្នំនិងតាមដងទន្លេ ៕ ដោយ៖សន គន្ធនិវឌ្ឍន៍

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង